រឿង ប្រលោមលោក សោភិនី​២០១៣

សោភិនី​២០១៣

…ពេល​គាត់​រាំ ស្រីៗ​នាំ​គ្នា​លើក​ដៃ​ផ្ទប់​មាត់​សើច ព្រោះ​គាត់​មិន​ចេះ​រាំ​ហើយ​មុខ​កំព្រឹង​ៗ​មិនដែល​ញញឹម​ និង​កម្រ​មាត់ក​បំផុត។ គាត់​ឡើង​រាំ ដោយសារ​តែ​បញ្ជា​ចៅហ្វាយ​។ ក្រៅ​ពី​ហ្នឹង​គាត់​ក៏​អង្គុយ​ស្ងៀម​ តែ​ពូកែ​ផឹក​ស្រា​ណាស់ ។ លើក​ដាច់​ៗ មិន​ចេះ​ស្រវឹង​ផ្ដាស​ទេ។ គាត់​ឈ្មោះ​​បង”វិរៈ”។​បាន​ជា​ខ្ញុំ​ស្គាល់​គាត់​ព្រោះ​តែ​គាត់​​មាន​ចរិត​ចម្លែក​ៗ​ហ្នឹង​ឯង។
គាត់​​ជា​អង្គរក្ស​ឧកញ៉ា​ម្នាក់​ឈ្មោះ​វិធួន។ ឧកញ៉ា​ហ្នឹង​នៅក្មេង​មាន​ស្រី​ច្រើន​នាក់​តែ​មិនទាន់​រៀបការ​ទេ។ គាត់​សម្បូរ​លុយ​ចាយ​ណាស់​ហើយ​ដៃ​ទូលាយ​ផង។ ផឹក​ដាច់​មួយ​កែវ​គាត់​ឲ្យ​មួយ​សន្លឹក​ធំ​ភ្លាម អីចឹង​ហើយ ឲ្យ​តែ​គាត់​មក​ ម្នាក់ៗ​រត់​ទៅ​រក​គាត់។ សំខាន់​ត្រង់ថា​គាត់​រើស​ស្រី​បន្តិច ទាល់​តែ​ស្រីៗ​ណា​សម្បុរ​ស ឡូយ ក្មេង​ ហើយ​ស្អាតៗ​ពូកែ​រាំ​ ពូកែ​ច្រៀង​ បាន​គាត់​ហៅ​ទៅ​អង្គុយ​ជិត ។ ឲ្យ​តែ​បាន​អង្គុយ​ជិត​គាត់ ច្បាស់​ជា​បាន​ចូល​ខារ៉ាអូខេ ហើយ​ពេល​បាន​ចូល​ដល់​ទីនោះ​គឺ​ជា​វគ្គ​លើក​ដាច់​មួយ​សន្លឹក​ៗ។ នេះ​ខ្ញុំ​ឮ​តែ​គេ​ថា​ទេ ​ព្រោះ​ចែ​មិនដែល​ហៅ​ខ្ញុំ​ទៅ​ជួប​ឧកញ៉ា​នោះ​ឡើយ​ ដោយ​ខ្ញុំ​នេះ​គេ​ចាត់​ទុក​ថា​ស្បែក​ខ្មៅ​ ទោះ​មុខ​ខ្ញុំ​ស្រស់​កាល​ពី​ក្មេង​​គេ​ហៅ​មី​ស្រស់ៗ​រហូត​​ក៏​ដោយ។

ចំណែក​បង​ វិរៈ ពេល​ដែល​ឃើញ​ឧកញ៉ា​នោះ​គឺ​ឃើញ​គាត់។ គាត់​មិន​ចេះ​លេង​សើច​អី​ទេ​តែ​មើល​ទៅ​ពូកែ​ផឹក​លេខ​មួយ​។ ពេល​ចេញ​ទៅ​វិញ​គេ​មាន​ស្រីៗ​ទៅ​ម្នាក់​មួយៗ ​ប៉ុន្តែ​គាត់​ដើរ​ម្នាក់​ឯង​រាល់​លើក។
យប់​នេះ​បង វិរៈ​ ឡើង​រាំ​ដោយសារ​ពួក​អង្គរក្ស​ផ្សេង​ទៀត គេ​ពន្យុះ​ឧកញ៉ា​ឲ្យ​ហៅ​គាត់​ឡើង​រាំ​គឺ​គេ​ចង់​ព្រួត​គ្នា​លេង​គាត់ បន្ទាប់​ពី​ហ្នឹង​ឧកញ៉ា​ហៅ​កាហា​ស្រី​វៀតណាម​សាច់​ស​ដូច​សម្លី​ឲ្យ​មក​អង្គុយ​គង​អន្ទាក់​ខ្លា​ចេញ​ភ្លៅ​ស​ស្ងាច​ក្បែរ​គាត់។ កាហា​​មិន​ស្អាត​ខ្លាំង​ទេ​ តែ​នាង​នៅ​ក្មេង​ហើយ​ពូកែ​ញ៉ិកញ៉ក់​ភ្ញៀវ​ណាស់។ អីចឹង​ហើយ​បានជា​ឧកញ៉ា​ចង់​បំបែក​ភាព​ស្ងាត់ស្ងៀម​របស់​បង​ វិរៈ ​ដោយសារ​ស្រី​នេះ។ អុះ​ភ្លេច​ប្រាប់​មិត្ត​អ្នកអាន ដែល​និយាយ​នេះ​មិនមែន​បាន​ន័យ​ថា ខ្ញុំ​កំពុង​អង្គុយ​សាឡុង​ជាមួយ​ពួកគេ​ទេ​ណា៎ គឺ​ខ្ញុំ​កំដរ​ភ្ញៀវ​ជាប់​ទីនោះ ខ្ញុំ​ក៏​តាមដាន​មើល​ពួកគេ​ទៅ។ និយាយ​ទៅ​ ឲ្យ​តែ​ឧកញ៉ា​មក​អ្នកណា​ៗ​ក៏​គេ​មើល​អីចឹង​តែ​ទាំង​អស់​ហ្នឹង។ ឯ​ប្រុស​ចិត្ត​ថ្ម”បង​វិរៈ”​ ជា​គោលដៅ​ទី​ពីរ​ដែល​ពួក​ស្រីៗ​ចង់​បង្អាប់​លេង​ដូច​ត្លុក​ដោយសារ​គាត់​ខុសគេ។
ពេល​អង្គរក្ស​ផ្សេងៗ​ទៀត កំពុង​លូកលាន់​បែប​អាសអាភាស​ជាមួយ​ស្រី​ស្អាត​នៅ​សាឡុង​នោះ បង វិរៈ ឈប់​រាំ ហើយ​ត្រលប់​មក​តុ​វិញ​ គាត់​អង្គុយ​ធ្មឹង​ដូច​ដើម​គួរ​ឲ្យ​ហួសចិត្ត​ដែរ។ ប្រហែល​ខ្ញុំ​មើល​គាត់​យូរ​ពេក​ហើយ​បាន​ជា​គាត់​ស្រាប់​តែ​ងាក​មក​មើល​ខ្ញុំ​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​ស្លេក​ប្រញាប់​គេច​មុខ​ធ្វើ​មិន​ដឹង​វិញ​ភ្លាម​។

ភ្ញៀវ​ខ្ញុំ​ទើប​តែ​ចេញ​ផុត ស្រាប់​តែ​ចែ Ketty (ឈ្មោះ​ហៅក្រៅ​របស់​តៃប៉ាន់) ហៅ​ខ្ញុំ​ឲ្យ​ទៅ​ជួប​ក្នុង​បន្ទប់​ទឹក។
-កា​ស្រស់! យប់​នេះ​ហេង​ហើយ​មី​នាង! ហ៊ា​រ៉ាដូ​រក​ឯង​!
ខ្ញុំ​ភ្ញាក់​ក្រញាង​ ពេល​ឮឈ្មោះ​ហ៊ា​ម្ចាស់​ហាង​នាឡិកា​នៅ​អូឡាំពិក។ ហ៊ា​នោះ​ជា​មនុស្ស​កំណាច​ធ្វើបាប​ស្រីៗ​ណាស់ ស្រី​ណា​ដែល​ទៅ​ជាមួយ​គាត់​ច្បាស់​ជា​មក​វិញ​ទ្រោម​មិន​ខាន។ អីចឹង​ហើយ​ឈ្មោះ​គាត់​ក៏​ល្បី​មិនចាញ់ ឧកញ៉ា វិធួន ប៉ុន្មាន​ទេ។ ឮ​ចែ Ketty និយាយ​កាល​ណា​ខ្ញុំ​ចាប់​ញ័រដៃ​ជើង​សួរ​ទៅ​គាត់​ភ្លាម៖
-គាត់​ហៅ​ទៅ​ច្រៀង​ហ្អី​ចែ!?
ចែ​តៃប៉ាន់ យក​ចុង​ដៃ​វាយ​ក្បាល​ខ្ញុំ​រួច​ឆ្លើយ៖
-ច្រៀង​ក្បាល​ឯង​អី! គាត់​យក​ឯង​ទៅ​ក្រៅ! ឲ្យ​លឿន​ប្រយ័ត្ន​គាត់​ឡូឡា! ឲ្យ​លឿន​ម៉ោ!
ខ្ញុំ​ស្លុត​ចិត្ត ខ្ញុំ​ដឹង​ថា​បើ​ព្រម​ទៅ ទម្រាំ​បាន​លុយ​គាត់​ ខ្ញុំ​ឈឺ​ខ្លួន​មួយ​អាទិត្យ​មិន​ខាន។ខ្ញុំ​ធ្វើជា​ឱប​ពោះ​និយាយ​ត្រុនៗ​ឲ្យ​ចែ Kettyអាណិត៖
-ខ្ញុំ​អត់​ស្រួល​ខ្លួន​ទេ​ចែ! រក​កាពីន​ទៅ​ចែ! បើ​ទៅ​ច្រៀង​ខ្ញុំ​ទៅ​បាន បើ​ទៅ​ក្រៅ​ទៅ​មិន​កើត​ទេ!
ចែ ​Kettyទំនង​យក​លុយ​គេ​ច្រក​អាវ​ក្នុង​គាត់​រួចហើយ​បានជា​គាត់​ច្រឡោត​តោតតូង​វាយ​ក្បាល​ខ្ញុំ​ត្មិល​។
-នែ៎​កា​ស្រស់ កុំ​កាច់​ឫក​ដាក់​អញ! ចេញ​ឲ្យ​​ឆាប់​ ទៅ​ជួប​ហ៊ា​រ៉ាដូ​ទៅ!
ខ្ញុំ​កាន់​តែ​ភ័យ​ពេល​ឮ​គាត់​បង្ខំ​ ព្រោះ​ក្នុង​ជីវិត​ជា​ស្រី​សោភិនី ​ខ្ញុំ​ខ្លាច​បំផុត​ខ្លាច​ប៉ះ​ពួក​ស្រវឹង​ដៃ​ធ្ងន់។ ខ្ញុំ​ប្រឹង​តវ៉ា​រួច​រត់​គេច​ពី​ចែ Ketty៖
-ខ្ញុំ​អត់​ស្រួល​ខ្លួន​មែន! ខ្ញុំ​ទៅ​ក្រៅ​ហើយ​ចែ!
ចែ​នោះ​ទាញ​សក់​ខ្ញុំ​មក​វិញ​ហើយ​លើក​ដៃ​ចង្អុល​មុខ​ផង។
-នាង​ឯង​កាច់​រាង​ចង់​បាន​លុយ​ប៉ុន្មាន​និយាយ​ឲ្យ​លឿន​មក​កុំ​ឲ្យ​ភ្ញៀវ​ខឹង!
ខ្ញុំ​ឈឺ​សក់​ក៏​យំ​សស្រាក់។ខ្ញុំ​មិន​ចេះ​ភ​យូរ ក៏​និយាយ​តាម​ត្រង់​ហើយ​យំ​គគ្រូក៖
-តា​នោះ​ធ្វើ​បាប​ស្រី​ដូច​ឆ្កែ​ឆ្មា​ចែ​ឯង​ដឹង​តើ នៅ​ចង់​ឲ្យ​ខ្ញុំ​ទៅ​ធ្វើ​អី? ខ្ញុំ​ខ្លាច​ណាស់!
ចែ Ketty​ សម្លុត​ខ្ញុំ​វិញ​ភ្លាម​ព្រោះ​គាត់​កាន់​តែ​ឆេះ​ដុំ៖
-ឯង​ធ្វើ​ជ្រូក​រា​ទឹក​ក្ដៅ​ធ្វើ​អី​អ្ហះ! ឲ្យ​តែ​បាន​លុយ​ទ្រាំ​ៗ​ទៅ! បើ​ឯង​គ្រាន់​បើ​កុំ​មក​ធ្វើ​ស្រី! ម៉ោះ​ចេញ​ម៉ោះ​!

ខ្ញុំ​រឹង​ទទឹង​មានះ​រត់​ចេញ​ពី​គាត់​មក​ក្រៅ​បន្ទប់​ទឹក​បុក​ម៉ាំង​និង​បង​វិរៈ​ដែល​ទើប​តែ​ចេញ​ពី​បង្គន់​ប្រុស​ធ្វើ​ឲ្យ​គាត់​ទ្រេតទ្រោត​ទៅ​ប៉ះ​នឹង​ជញ្ជាំង​បន្ទប់​ទឹក​ហើយ​ខ្លួន​ខ្ញុំ​ក្នុង​ទ្រូង​គាត់។ បង​វិរៈ ​ក្រោក​ត្រង់​ខ្លួន​ហើយ​ទាញ​ខ្ញុំ​ឲ្យ​ឈរ​ដែរ ចែ​កាន់​តែ​ក្ដៅក្រហាយ​លូកដៃ​ទាញ​ខ្ញុំ​មក​ប្រុង​ទះ​កំផ្លៀង​ខ្ញុំ​ តែ​គាត់​ទប់​វិញ​ព្រោះ​បង​វិរៈ​សម្លឹង​គាត់។ ឃើញ​ខ្ញុំ​យំ​ជូត​ទឹកភ្នែក​ហើយ​ទាញ​ខ្សែ​អាវ​ស្មា​ខាងឆ្វេង​មក​ចង បង​វិរៈ​និយាយ​គ្រលរ​ៗ​មក​ខ្ញុំ​ថា៖
-តោះ​! ទៅ​ច្រៀង​ឲ្យ​ឧកញ៉ា​ស្ដាប់!
ខ្ញុំ​បើក​ភ្នែក​ធំ​ៗ​សឹង​មិន​ជឿ​ត្រចៀក​ខ្លួន​ឯង​ហើយ​ចែ Ketty ក៏​បង្អង់​ដៃ​មក​វិញ។ ទោះ​គាត់​ដឹង​ថា​តាម​ពិត​គឺ​បង​វិរៈ​ ទើសភ្នែក​ចង់​ជួយ​ខ្ញុំ​ប៉ុណ្ណោះ​ តែ​គាត់​ក៏​នៅ​តែ​មិន​ហ៊ាន​រឹងទទឹង​ព្រោះ​ឈ្មោះ​ឧកញ៉ា​ វិធួន​គ្រាន់តែ​ឮ​ក៏​គ្មាន​អ្នកណា​ហ៊ាន​ក្អក​ដែរ។

បង​វិរៈ អូស​ដៃ​ខ្ញុំ​ដើរ​ទើមៗ​ទាំង​មិន​ទាន់​ចង​ខ្សែ​អាវ​ រួច​ឆ្ពោះ​ទៅ​បន្ទប់​ខារ៉ាអូខេ​វីអាយភី។ នឹក​ដល់​ឧកញ៉ា​វិធួន ខ្ញុំ​នឹក​ដល់​លើក​ដាច់​បាន​មួយ​សន្លឹក​ធំ។ ខ្ញុំ​អរ​ផើត​ព្រោះ​​ខ្ញុំ​ចង់​បាន​សន្លឹក​ធំ​នោះ​ណាស់។យ៉ាង​ហោច​ណាស់​ក៏​គ្រាន់​ឲ្យ​ម៉ែ​ទិញ​ម្ហូប​បាន​មួយ​ខែ​ដែរ។

ទ្វារ​របើក​ខ្វាក​ត្រជាក់​ស្រឹប​ តែ​ធំ​ក្លិន​ស្រា​ហួង។ សំឡេង​កាហារ​ច្រៀង​បទ​បែប​យុវវ័យ​​ឮ​មក​ស្រួយ​រមាស់​ត្រចៀក។ បន្ទប់​ងងឹត​ឈឹង​ តែ​ដោយសារ​ទម្លាប់​ភ្នែក​ ខ្ញុំ​មើល​ឃើញ​វា​កំពុង​អង្គុយ​លើ​ភ្លៅ​ឧកញ៉ា។ វា​សំណាង​ណាស់ អ្នក​ណា​ក៏​ដឹង​ថា​វា​ជា​ស្រី​របស់​ឧកញ៉ា​ដែរ ឲ្យ​តែ​ឧកញ៉ា​វិធួន​មក​លេង ​រក​វា​មិន​ដែល​ខាន​ទេ អីចឹង​ហើយ​បាន​ជា​វា​ធ្វើ​ស្រី​មែន​តែ​កាន់ ​iPhone5​ តាំង​ពី​ចេញ​ដំបូង និង​ជិះ​សុទ្ធ​តែ​ RX300។
សំឡេង​អង្គរក្ស​ម្នាក់​នៅ​មាត់​ទ្វារ ខ្ញុំ​អត់​ស្គាល់​ឈ្មោះ​ទេ​និយាយ​ឮ​ៗ​លុប​លើ​ចម្រៀង៖
-ឧកញ៉ា! មើល​អារក្ស​វា​នាំ​ស្រី​មក!
ម្នាក់ៗ​ងាក​ស្រមក​មើល​ខ្ញុំ​ប្រហែល​គេ​ចម្លែក​ព្រោះ​បង​វិរៈ​មិន​ដែល​មាន​ស្រីៗ​ណា​អង្គុយ​ជិត​បាន​ទេ​តាំង​ពី​គាត់​ចេញ​មក​លេង​នៅ​ទីនេះ។ ចំណែក​ឧកញ៉ា​ វិធួន ​សើចស្ញាញ​ឌឺ​បង វិរៈ ​ភ្លាម៖
-អាណា​គេ​ហ្នឹង​អារក្ស! យក​មក​ពីណា!
បង​វិរៈ​ រុញ​ខ្ញុំ​អង្គុយ​លើ​សាឡុង​នៅ​ជ្រុង​ខាង​លិច​ហើយ​គាត់​អង្គុយ​ក្បែរ​ខ្ញុំ​ដែរ។ មាត់​គាត់​ឆ្លើយតប​ចៅហ្វាយ​គាត់៖
-វា​មុខ​ដូច​អាលាង​បង!
ឧកញ៉ា​វិធួន សើច​សម្លឹង​មក​ខ្ញុំ ចំណែក​អង្គរក្ស​ផ្សេង​ទៀត​នៅ​ស្ដាំ​ដៃ​គាត់​ដែល​ឱប​អា​ទីណា​ក្នុង​ដៃ​និយាយ​ឡូង​ៗ​៖
-ស្អី​អ្ហា៎! អា​លាង​ងាប់​យូរ​ហើយ​នៅ​នឹក​វា​ទៀត?
ម្នាក់​នោះ​និយាយ​ចប់​ទាញ​ដៃ​ទីណា​ឡើង​រាំ​ទាំង​ស្រវឹង​ទ្រេតទ្រោត។ គាត់​ឱប​ថើប​អា​ទីណា​នៅ​មុខ​ភ្នែក​គេ​ឯង​ធ្វើ​ហី​ ហើយ​អ្នក​ផ្សេង​គិត​ពី​ទះ​ដៃ​បញ្ជោរ​គាត់។ ម្នាក់​នោះ​កាន់តែ​ស្រវឹង​ កាន់​តែ​ស៊ី​ជោរ គាត់​ក៏​បាន​ដៃ​ លូក​បោច​សម្រាត​ខោ​អាវ​អា​ទីណា​នៅ​មុខ​គេ​ឯង​តែ​ម្ដង។
អា​ទីណា​ប្រហែល​ស្រវឹង​ដែរ​បាន​ជា​វា​មិន​សូវ​រើ ហើយ​រាំ​បន្ត​ផង​លើក​ដៃ​ទាញ​អាវ​ដែល​រហែក​នោះ​ផង​។ តែ​ខ្ញុំ​ឯណេះ​រាង​អន់​ចង់​ដែរ​ ដោយសារ​ខ្ញុំ​ធ្វើ”ស្រី” ​បាន​៦​ខែ​ហើយ​មែន​ តែ​មិន​ដែល​ធ្វើ​អី​នៅ​ចំពោះ​មុខ​មនុស្ស​ច្រើន​ដល់​ថ្នាក់​ហ្នឹង​ទេ។ បើ​ម្នាក់​ទល់​ម្នាក់ ខ្ញុំ​ចេះ​តែ​លេប​ស្រវឹង​ប្រឹង​ឆ្លង​ឲ្យ​ផុត​រក​លុយ​ទៅ​ចិញ្ចឹម​ម៉ែ​ តែ​ដល់​ឲ្យ​មក​ធ្វើ​មុខ​អង្គរក្ស​៤​ប្រាំ​នាក់ ស្រី​ផ្សេង​បី​បួន​នាក់​ទៀត​ខ្ញុំ​ទៅ​មិន​រួច​តែ​ម្ដង។

ខ្ញុំ​ក្ដាប់​ដៃ​ភ័យ ព្រោះ​នេះ​ជា​លើក​ទី​មួយ​ដែល​ចូល​មក​បន្ទប់​ឧកញ៉ា ហើយ​បើ​ធ្វើ​រឹងរូស​ឲ្យ​គាត់​ខឹង​ គាត់​ឡូឡា ​ខ្ញុំ​គ្មាន​សង្ឃឹម​បាន​មក​រកស៊ី​នៅ​ទីនេះ​ទៀត​ដាច់​ខាត។
រំពេច​នោះ​ដៃ​មួយ​រឹងកំព្រឹស​លូក​មក​ចាប់​ទាញ​ក​ដៃ​ខ្ញុំ៖
-តោះ​អាលាង​ឡើង​រាំ!
គាត់​នោះ​មិន​មែន​បង​វិរៈ​ទេ ស្ទុះ​ចេញ​មក​ពីណា​ក៏​មិន​ដឹង​ផង​មក​ទាញ​ដៃ​ខ្ញុំ​ច្រងាប់ច្រងិល​តែ​ត្រូវ​បង​វិរៈ​ទាញ​មក​វិញ។ គាត់​និយាយ​គ្រលរ​ៗ៖
-អ្ហែង​ស្រវឹង​ហើយ​អារ៉ូ!
ម្នាក់​នោះ​គំហក​វិញ​ធំ​ក្លិន​ស្រា​ចង់​ពុល៖
-ម៉េច​អ្ហា៎! វា​ស្រី​អ្ហែង ហ្អី​អារក្ស! រាំ​ផង​មិនបាន?
ឧកញ៉ា​ឮ​អីចឹង​ស៊ក​ឲ្យ​បង​វិរៈ​ភ្លាម៖
-អើ​អារក្ស យប់​នេះ​ឯង​ដេក​ជាមួយ​វា​ អញ​កក់​បន្ទប់​ឲ្យ!
ឧកញ៉ា​នោះ​និយាយ​ផង​សើច​ផង ​ខ្ញុំ​ស្មាន​គាត់​និយាយ​លេង​ព្រោះ​បង​វិរៈ​មិន​ដែល​យក​ស្រី​ទៅ​ដេក​ទេ​តាំង​ពី​ដើម​មក។ មាន​អី​ពេល​ចេញ​ពី​ច្រៀង​គាត់​នាំ​គ្នា​បន្ត​ទៅ​អូតែល ហើយ​បង្ខំ​រុញ​បង​វិរៈ​និង​ខ្ញុំ​ចូល​បន្ទប់​មួយ​ដែរ។

មក​ដល់​ក្នុង​បន្ទប់​ម៉ោង​ជាង​ពីរ​ហើយ។ បង​វិរៈ​ដេកផ្ងារ​ចង្គ្រាង​លើ​គ្រែ ទុក​ឲ្យ​ខ្ញុំ​នៅ​ទីមទាម​ម្នាក់​ឯង​មិន​ដឹង​ត្រូវ​ធ្វើ​អ្វី​រក​កន្លែង​ដេក​ក៏​គ្មាន។ ខ្ញុំ​ចូល​បន្ទប់​ទឹក​លាង​មុខមាត់ ហើយ​នឹក​សរសើរ​សំណាង​ដែល​យប់​នេះ​រួច​ពី​ហ៊ា​រ៉ាដូ​ ដោយសារ​បាន​បង​វិរៈ​ជួយ​ទាន់​ ប៉ុន្តែ​ហោប៉ៅ​មិន​ដឹង​បាន​អី​ទិញ​អង្ករ​ច្រក​ឆ្នាំង​ស្អែក​ទេ​ព្រោះ​បង​វិរៈ​ ដឹង​តែ​មិន​ដេក​ជាមួយ​ខ្ញុំ​ឡើយ។

ខ្ញុំ​ចេញ​មក​ក្រៅ​វិញ​យឺត​ៗ​ថា​រក​សុំ​បង​វិរៈ​ទៅ​ផ្ទះ​ ស្រាប់​តែ​ឃើញ​គាត់​ក្រោក​អង្គុយ​ហើយ​ហៅ​ខ្ញុំ​ឲ្យ​ទៅ​អង្គុយ​ជិត​គាត់។ ពេល​ខ្ញុំ​ទៅ​ដល់ គាត់​ឈ្ងោក​មើល​ដើមទ្រូង​ខ្ញុំ រួច​លើក​ដៃ​ស្ទាប​មុខ​ខ្ញុំ​ហើយ​សើច​ក្អាកក្អាយ។ គាត់​ស្រវឹង​ថ្នាំ​ហើយ ខ្ញុំ​ដឹង។ ប្រហែល​ជា​ពួកគេ​ដាក់​ក្នុង​កែវ​គាត់ ព្រោះ​គេ​ចង់​ឲ្យ​គាត់​ដេក​ជាមួយ​ស្រី ប្រហែលជា​សង្សារ​គាត់​ឈ្មោះ​អាលាង​នោះ​ស្លាប់​យូរ​ហើយ​គាត់​នៅ​តែ​នឹក​នាង​បាន​ជា​ពួកគេ​ចង់​ឲ្យ​គាត់​ចេះ​លេងសើច​ឡើង​វិញ។

ពិតជា​អីចឹង​មែន​គាត់​ស្ទាប​មុខ ស្មា ​រួច​លូកដៃ​ឱប​ចង្កេះ​ទាញ​ខ្ញុំ​ឲ្យ​ដេក​ហើយ​ប្រលែង​លើ​ខ្លួន​ខ្ញុំ​ដូច​ប្រុសៗ​ផ្សេង​​ ដែល​ខ្ញុំ​ធ្លាប់​ជា​ជួប​ដែរ។ បង​វិរៈ​ខុស​ពី​ប្រុសៗ​មុន ត្រង់​ថា​គាត់​ដេក​ជាមួយ​ខ្ញុំ​រួចរាល់​មិន​ងាក​ទៅ​ដេក​លក់​ស្រមុក​ខុល​តែ​ឯង​ទេ តែ​គាត់​ចាប់​ឱប​ខ្ញុំ​ជាប់​ជាង​មុន គឺ​ឱប​ពីក្រោយ​ដូច​ខ្លាច​ខ្ញុំ​ក្រោក​ទៅ​ណា ។
ខ្ញុំ​នៅ​សំងំ​ស្ងៀម​ចាំ​មើល​ តែ​ខ្ញុំ​កាន់តែ​ឆ្ងល់​ព្រោះ​គាត់​ស្រវឹង​ថ្នាំ​តែ​គាត់​និយាយ​ពាក្យ​ដដែលៗ​ក្បែរ​ត្រចៀក​ខ្ញុំ៖
-អាលាង! អាលាង! បង​ជិត​ឈប់​ហើយ! បង​ឈប់​ធ្វើ​ហើយ!
គាត់​និយាយ​ច្រំដែល​ដដែលៗ​រហូត​ដល់​ខ្ញុំ​ក៏​គេង​លក់។ ភ្លឺ​ច្បាស់​បាន​ខ្ញុំ​ភ្ញាក់​ឡើង​តែ​អត់​ឃើញ​ពួក​គាត់​ទេ។ ប្រហែល​ខ្ញុំ​ដេក​ជ្រុល​ពេក ព្រោះ​អូតែល​នេះ​ល្អ​ក្រអូប​ស្រួលខ្លួន​ដេក​ដល់​ថ្នាក់​ពួកគេ​នាំគ្នា​ទៅ​អស់។ ខ្ញុំ​ឃើញ​លុយ​២០ដុល្លារ​ទុក​លើ​តុ។ ខ្ញុំ​អរ​ណាស់ ទោះ​បី​វា​តិចតួច​សម្រាប់​ស្រីៗ​នៅ​ក្លិប​នេះ តែ​វា​គួរសម​ហើយ​សម្រាប់​ខ្ញុំ​ ព្រោះ​បង​វិរៈ​មិនមែន​អ្នក​មាន​លុយ​ច្រើន​ទេ។ ខ្ញុំ​ស្រាប់​តែ​យល់​ថា​គាត់​ចិត្ត​បាន​ណាស់។ តាម​ពិត​យប់មិញ គាត់​ជួយ​ខ្ញុំ ទោះ​គាត់​អត់​ឲ្យ​លុយ​ខ្ញុំ​ ក៏​ខ្ញុំ​មិន​ទារ​គាត់​ដែរ។
ចាប់​ពី​ពេល​នោះ​មក ឲ្យ​តែ​បង​វិរៈ មក​លេង​នៅ​ទីនេះ​ចែ​តែងតែ​នាំ​ខ្ញុំ​ទៅ​ឲ្យ​គាត់​ហើយ​ឧកញ៉ា​ហៅ​ស្រី​ទៅ​ក្រៅ ក៏​គាត់​នាំ​ខ្ញុំ​ទៅ​ជាមួយ​រហូត។ ដូច​យប់​ដំបូង​អីចឹង​ដែរ បង​វិរៈ​ដេក​ឱប​ខ្ញុំ​ទាល់​ភ្លឺ​ហើយ​ថើប​កញ្ចឹង​ក​ខ្ញុំ​ធ្វើ​ឲ្យ​ខ្ញុំ​ទម្លាប់​កក់ក្ដៅ​ហើយ​ចេះ​មាន​ចិត្ត​រំភើប​ពេល​បាន​ជួប​គាត់។ ក្រោយៗ​មក​ ទោះជា​គាត់​មិន​ស្រវឹង​ថ្នាំ​ក៏​គាត់​ឱប​ខ្ញុំ​ដេក​ដដែល​តែ​អត់​មាន​និយាយ​អី​ច្រើន​ទេ គ្រាន់​តែ​សួរ​ខ្ញុំ​ហេតុ​អី​បាន​ជា​ធ្វើការ​ហ្នឹង។ ខ្ញុំ​និយាយ​ប្រាប់​គាត់​ពី​រឿង​មក​ភ្នំពេញ​ចាញ់​បោក​គេ​ហើយ​រឿង​ម៉ែ​ឈឺ គាត់​ប្រាប់​ថា​រឿង​ប៉ុណ្ណឹង​គ្មាន​អី​កម្សត់​ទេ មាន​គេ​កម្សត់​ជាង​ហ្នឹង​១០០​ដង​ទៀត ។ ខ្ញុំ​គិត​ថា​ ប្រហែល​ជា​គាត់​ចង់​និយាយ​ពី​អាលាង​របស់​គាត់​ហើយ។ ខ្ញុំ​ចង់​ឃើញ​មុខ​ស្រី​នោះ​ហើយ​នឹក​ច្រណែន​ថា​ហេតុអ្វី​គេ​ស្លាប់​ហើយ​បាន​បង​វិរៈ​នឹក​យ៉ាង​នេះ។ ចំណែក​ខ្ញុំ​នៅ​រស់​ជ្រងោ​គ្មាន​អ្នកណា​នឹក​អាណិត​ទេ គេ​ដេក​ហើយ​ក្រោក​ចោល​ជា​ធម្មតា។
មាន​ម្ដង​បង​វិរៈ​មក​លេង​មុន​ពេល​គាត់​ទៅ​តៃវ៉ាន់​ជាមួយ​ឧកញ៉ា ​ពួកគាត់​ប្រញាប់​អត់​បាន​ហៅ​ស្រី​ទៅ​ដេក​ទេ ប៉ុន្តែ​មុន​ចេញ​ទៅ​បង​វិរៈ​លូក​ហុច​លុយ​ឲ្យ​ខ្ញុំ​៥០​ដុល្លារ។ ខ្ញុំ​អរ​ណាស់​ តែ​បន្ទាប់​ពី​បាត់​គាត់​ខ្ញុំ​ចាប់ផ្ដើម​នឹក​គាត់​រហូត។ ដោយសារ​ពួក​គាត់​ឧស្សាហ៍​មកលេង​ស្រីៗ​ផ្សេង ពេល​ស្ងាត់​មិន​ឃើញ​ពួកគាត់​មក​គេ​សួរ​ខ្ញុំ​ថា បង​វិរៈ​របស់​អ្ហែង​អត់​មក​ទេ​កា​ស្រស់?​ ធ្វើ​ឲ្យ​ខ្ញុំ​ទៅ​ជា​ចង់​យំ​ព្រោះ​នឹក​គាត់​ពេក។
ពេល​ខ្ញុំ​ចេះ​ស្រលាញ់​គាត់​ខ្ញុំ​ចាប់ផ្ដើម​ខ្ពើម​ប្រុស​ផ្សេង​ ហើយ​មិន​ដែល​ចេញ​ដេក​ក្រៅ​ទៀត​ទេ​ មាន​តែ​អង្គុយ​ចាក់​ស្រា​ និង​ច្រៀង​ឲ្យ​គេ​យក​លុយ​តក់ៗ​ប៉ុណ្ណោះ។ ចំណែក​ចែ​ក៏​អត់​បង្ខំ​ខ្ញុំ​ដែរ​ ព្រោះ​ដឹង​ថា​ខ្ញុំ​មាន​បង​វិរៈ​ជា​ម៉ូយ​ដុំ​ហើយ។ ជាង​មួយ​ខែ​បាន​គាត់​មក​ពី​តៃវ៉ាន់​វិញ។ គាត់​មក​លេង​អត់​មាន​អី​ផ្ញើ​ទេ តែ​ខ្ញុំ​អរ​ខ្លាំង​ណាស់។ ខ្ញុំ​សប្បាយ​ចិត្ត ហើយ​ឡើង​ច្រៀង​បទ​មនោសញ្ចេតនា​ច្រើន​បទ ចង់​ប្រាប់​ថា​ក្នុង​បេះដូង​ខ្ញុំ​មាន​តែ​គាត់។ រូបរាង​និង​ភាព​សោះអង្គើយ​របស់​គាត់​បាន​ស្ថិត​នៅ​ពេញ​ក្នុង​បេះដូង​ស្រី​សោភិនី​ម្នាក់​នេះ​ហើយ។
យប់​នោះ​គាត់​យក​ខ្ញុំ​ទៅ​ក្រៅ ខ្ញុំ​សប្បាយ​ចិត្ត​ដូច​បាន​ឡើង​ស្ថានសួគ៌។ ខ្ញុំ​ឱប​គាត់​ស្ទាប​អង្អែល​ទ្រូង​គាត់​ ព្រោះ​ស្រលាញ់​ពេញចិត្ត ​បន្ទាប់​ពី​ហ្នឹង​ខ្ញុំ​ស្រក់​ទឹកភ្នែក​ ពេល​គាត់​ឱប​ខ្ញុំ​ពី​ក្រោយខ្នង។ ខ្ញុំ​ខ្លាច​ថ្ងៃ​ណា​មួយ​គាត់​លែង​មក តើ​ខ្ញុំ​តាម​រក​គាត់​នៅ​ឯណា​ជួប​ទៅ។ ស្រី​លក់​ខ្លួន​ដូច​ខ្ញុំ មាន​សិទ្ធិ​អី​ទៅ​ស្រលាញ់​ប្រុស​ណា​ម្នាក់​នោះ?
ព្រឹក​ឡើង​ពេល​គាត់​ចូល​បន្ទប់ទឹក​បាត់​ ខ្ញុំ​ដាក់​កូន​ក្រដាស​តូច​មួយ​ដែល​ខ្ញុំ​សរសេរ​ទុក​យូរ​មក​ហើយ​ចូល​ក្នុង​កាបូប​លុយ​គាត់។ ក្រដាស​នោះ​ ខ្ញុំ​សរសេរ​តែ​ពីរ​ជួរ​គឺ​ខ្ញុំ​ស្រលាញ់​បង​វិរៈ ហើយ​មួយ​ឃ្លា​ទៀត​គឺ រាល់​យប់​ខ្ញុំ​មិន​ទៅ​ជាមួយ​អ្នកណា​ទេ ខ្ញុំ​ចាំ​ទៅ​ជាមួយ​បង​វិរៈ។
យប់​ស្អែក​ឡើង​ ខ្ញុំ​ឃើញ​គាត់​មក​តែ​ម្នាក់ឯង​អត់​មាន​ឧកញ៉ា​មក​ទេ។ គាត់​ផឹក​ស្រា​មិន​និយាយ​អី​ទាំង​អស់ តែ​ខ្ញុំ​សប្បាយ​ចិត្ត​ហើយ​គិត​ថា គាត់​ប្រហែល​បាន​ឃើញ​សំបុត្រ​របស់ខ្ញុំ​ហើយ។ ព្រឹកស្អែក​ឡើង​ខ្ញុំ​ឆែក​កាបូប​លុយ​គាត់ ឃើញ​គាត់​សរសេរ​ក្រដាស​មួយ​វិញ​ថា “យើង​ហ្នឹង​ឈប់​ធ្វើ​ស្រី​ទៅ! ចាំ​បង​រកស៊ី​ចិញ្ចឹម!”។ អក្សរ​គាត់​សរសេរ​ខុស​ច្រើន​ណាស់ ខ្ញុំ​ដឹង​ថា​គាត់​រៀន​បាន​តិច​ជាង​ខ្ញុំ​ទៅ​ទៀត​ ប៉ុន្តែ​អត្ថន័យ​របស់​គាត់​ ធ្វើ​ឲ្យ​ខ្ញុំ​យំ​រហាម​ហើយ​រត់​ទៅ​ឱប​គាត់​ក្នុង​បន្ទប់​ទឹក។
ខ្ញុំ​សុំ​ម៉ែ​ឈប់​ធ្វើការ​យប់​ ហើយ​ទៅ​រក​ការងារ​នៅ​រោងចក្រ​ធ្វើ​ហើយ​បង​វិរៈ​ធ្លាប់​មក​លេង​ម៉ែ​ម្ដង​ដែរ​មុន​ពេល​គាត់​លា​ថា​ទៅ​រកស៊ី​នៅ​ស្រុក​ថៃ។ ការងារ​នៅ​រោងចក្រ​ពិបាក​ណាស់ ព្រោះ​រដ្ឋបាល​ធ្វើ​បាប​មិន​ឲ្យ​និយាយ​ស្ដី​ ផ្ទៀង​ម៉ោង​សូម្បី​ចូល​បង្គន់​បត់ជើង ហូប​ចុក​មិន​គ្រប់គ្រាន់​ ប៉ុន្តែ​ដោយ​មាន​បង​វិរៈ​នៅ​ក្នុង​បេះដូង ខ្ញុំ​មិន​ដែល​ត្អូញត្អែរ​ទេ ​ខ្ញុំ​ខំ​ធ្វើការ​ទោះ​លំបាក​ប៉ុណ្ណា​ ហើយ​ថែម​ម៉ោង​រហូត​ដើម្បី​សន្សំ​លុយ​ទុក។

៨ខែ​កន្លង​មក បង​វិរៈ​ធ្លាប់​ទូរសព្ទ​មក​តែ​៦​ដង​ប៉ុណ្ណោះ​ក៏​ខ្ញុំ​នៅ​តែ​ចាត់​ទុក​ថា​គាត់​នៅ​ក្បែរ​ខ្ញុំ​ជានិច្ច។គាត់​ជា​ស្នេហា​ដំបូង​ និង​តែ​មួយ​គត់​របស់​ខ្ញុំ។

តាំង​ពី​ចេញ​ពី​ស្រែ​មក​គេ​យក​ខ្ញុំ​ទៅ​លក់​ ហើយ​ខ្ញុំ​ចាប់ផ្ដើម​ធ្វើការ​នៅ​បៀរហ្គាឌិន​និង​នៅ​ក្លិប​។ ខ្ញុំ​មិនដែល​ស្រលាញ់​ប្រុស​ណា​ទេ​ព្រោះ​ប្រុស​ដែល​ខ្ញុំ​ឃើញ​ ភាគ​ច្រើន​ប្រមឹក​អួព្រនួ​​និង​មើល​ងាយ​ស្រីៗ​ដូច​សត្វ​ធាតុ។ បង​វិរៈ ជា​មនុស្ស​ប្រុស​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​នា​ចង់​បាន​ជា​ប្ដី​និង​ចង់​បង្កើត​គ្រួសារ។ ពេល​ស្រលាញ់​គ្នា​គាត់​ប្រាប់​ថា​អា​លាង​ជា​គូ​ដណ្ដឹង​គាត់​ តែ​នាង​ស្លាប់​ហើយ​ដោយ​សារ​ជិះ​ឡាន​ឈ្នួល​ក្រឡាប់។ ខ្ញុំ​ជា​ស្រី​ទី​២​ក្នុង​ជីវិត​គាត់​ តែ​ខ្ញុំ​សង្ឃឹម​ថា​ខ្ញុំ​នឹង​ក្លាយ​ជា​ប្រពន្ធ​របស់​គាត់​ត​ទៅ។

ខ្ញុំ​សន្សំ​លុយ​ឡើង​ស្គម​ខ្លួន​បាត់​រូប​សម្រស់​និង​ចាស់​ជាង​វ័យ។ បាន​លុយ​ជាង​បី​រយ​ដុល្លារ​ ខ្ញុំ​ឈប់​ធ្វើការ​រោងចក្រ​ ហើយ​បើក​លក់​ខោ​អាវ​រោងចក្រ​នៅ​ជិត​ម្ដុំ​ផ្ទះ​ជួល។ ខ្ញុំ​ពូកែ​និយាយ​ហើយ​លក់​ដាច់​ណាស់​ រហូត​ដល់​សន្សំ​ដើម​បាន​ជិត​មួយ​ពាន់​ដុល្លារ​ ទើប​ឃើញ​បង​វិរៈ​មកវិញ។
គាត់​សក់​ខ្លី​ដូច​គេ​កោរ ស្គម​ហើយ​គ្មាន​មួយ​បាត​មក​ទេ។ តាមពិត​គាត់​អត់​មាន​ទៅ​ថៃ​ទេ​ គឺ​ទៅ​ផ្ដាច់​ថ្នាំញៀន​ ព្រោះ​គាត់​ចង់​កសាង​ជីវិត​ថ្មី​ជាមួយ​ខ្ញុំ។ ខ្ញុំ​ចិញ្ចឹម​គាត់​ដោយ​មាន​សុភមង្គល​ ព្រោះ​គាត់​លែង​ធ្វើការ​​ឲ្យ​ឧកញ៉ា​ព្រោះ​មិន​ចង់​ផឹក​និង​ញៀន​ទៀត។ ឥឡូវ​នេះ​ខ្ញុំ​និង​គាត់​បើក​លក់​ខោអាវ​ជជុះ​ផង ស្បែក​ជើង​និង​កាបូប​សម្ភារៈ​ប្រើប្រាស់​ច្រើន​ទៀត។ខ្ញុំ​មាន​កូន​ក្នុង​ពោះ​៦​ខែ​ហើយ​បាន​បង​វិរៈ​ជួយ​លក់​ដូរ​ដឹក​ជញ្ជូន​រហូត​ខ្ញុំ​មិន​ពិបាក​ទេ។
ខ្ញុំ​សង្ឃឹម​ថា​ ពេល​អាន​រឿង​នេះ​ហើយ មិត្ត​អ្នកអាន​នឹង​គូសវាស​ផ្លូវ​មួយ​ទុក​ឱកាស​ឲ្យ​អ្នកសាង​ជីវិត​ថ្មី​ពី​បាតដៃ​ទទេ​ដូច​ជា​ពួក​ខ្ញុំ ពិសេស​អតីតកាល​របស់​ខ្ញុំ​ពីរ​នាក់​គ្រាន់តែ​ជា​រឿង​កន្លង​ហួស​តែ​ប៉ុណ្ណោះ៕

ដោយ​ ស.​ចន្ធូ ដកស្រង់ពីសប្បាយ

COMMENTS

BLOGGER
Name

Khmer comic,10,កំណាព្យ,3,កំនត់ហេតុ ជីវ តាក្វាន់,2,គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ១,7,គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ២,6,ចំរៀងខ្មែរ,2,ច្បាប់ទូន្មាន,32,ជីវៈប្រវត្តិជនសំខាន់ៗ,21,តារាសម្តែង,9,តែមប្រៃសណីយ៍,9,ទំនាយមហាសង្ក្រាន្ដ,1,ប្រលោមលោក,26,ប្រវត្ដិសាស្ដ្រខ្មែរ ភាគរឿងព្រេងនិទាន,13,ប្រវត្ដិសាស្ត្រខ្មែរតាមសិលាចារឹក,29,ប្រាសាទបុរាណ,9,ផ្សេងៗ,56,ពាក្យបណ្តៅ,2,ភាសាខ្មែរ,2,ភ្លេង​ខ្មែរ,12,មហាក្សត្រខ្មែរ,5,របាំ,1,រឿងបកប្រែពីភាសាបរទេស,1,រឿងព្រេងខ្មែរ,145,រឿងព្រេងខ្មែរភាគ១,34,រឿងព្រេងខ្មែរភាគ២,22,រឿងព្រេងខ្មែរភាគ៣,52,រឿងព្រេងខ្មែរភាគ៤,12,រឿងព្រេងខ្មែរភាគ៥,11,ល្បែងប្រជាប្រិយ,2,វចនានុក្រម,3,វប្បធម៏ និងប្រពៃណី,13,សិល្បៈ​​,9,សុភាសិតខ្មែរ​អធិប្បាយ ភាគ១,5,ស្ថាបត្យកម្ម,4,ឯកសារប្រវត្តិសាស្ត្រ,19,
ltr
item
Khmer Legend (រឿងព្រេងខ្មែរ): រឿង ប្រលោមលោក សោភិនី​២០១៣
រឿង ប្រលោមលោក សោភិនី​២០១៣
សោភិនី​២០១៣
http://2.bp.blogspot.com/-KnO2sox0zvM/VF2AfwAgNMI/AAAAAAAAB3o/nquOT62vb48/s1600/Night-Girl.png
http://2.bp.blogspot.com/-KnO2sox0zvM/VF2AfwAgNMI/AAAAAAAAB3o/nquOT62vb48/s72-c/Night-Girl.png
Khmer Legend (រឿងព្រេងខ្មែរ)
http://www.khmerlegend.com/2014/11/blog-post_52.html
http://www.khmerlegend.com/
http://www.khmerlegend.com/
http://www.khmerlegend.com/2014/11/blog-post_52.html
true
1426906373484597258
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy