ភាគ៥-៧-រឿង​ ប្រាសាទនាងខ្មៅ

ប្រាសាទនាងខ្មៅ

រឿង​ ប្រាសាទនាងខ្មៅ
​​ 
​បើ​យើង​ធ្វើដំណើរ​ពី​ក្រុងភ្នំពេញ ទៅកាន់​ខេត្ត​តាកែវ ដល់​ទៅ​ឃុំ​រវៀង ស្រុក​សំរោង យើង​នឹង​ឃើញ​វត្ត​បុរាណ​មួយ​ហៅ " វត្ត​ប្រាសាទនាងខ្មៅ " តាំង​នៅ​ខាងកើត​ជាប់​នឹង​ថ្នល់ជាតិ​ពី​ក្រុងភ្នំពេញ​ទៅ ។ ​​
​បាន​ជា​ហៅ​ថា វត្ត​ប្រាសាទនាងខ្មៅ ព្រោះ​ក្នុង​វត្ត​នោះ​មាន​ប្រាសាទបុរាណ​ពីរ ឈ្មោះ​ប្រាសាទនាងខ្មៅ នៅ​ខាងលិច​វិហារ​ចំ​ខ្លោងទ្វារ​វត្ត​ខាង​ទិស​បស្ចិម ។ ប្រាសាទ​ទាំងពីរ​នោះ ធ្វើ​ពី​ថ្ម​ផង ឥដ្ឋ​ផង ទំហំ ៤ ម៉ែត្រ ៤ ជ្រុង កម្ពស់ ១០ ម៉ែត្រ កំពូល​ស្រួច​ដូច​ចេតិយ ខ្ពស់​ត្រដែត ។​ ​
​រឿងព្រេង​ទាក់ទង​ដោយ​ដើមកំណើត​នៃ​ប្រាសាទ​នោះ មាន​ដំណាល​ថា ៖ ​
​ក្នុង​អតីតកាល​កន្លង​យូរ​ទៅហើយ មាន​ស្ដេច​មួយ​ព្រះអង្គ​ទ្រង់​ព្រះនាម​ព្រះបាទ សុរិយា​ទេ​វង្ស គង់​នៅ​លើ​ភ្នំ​ជី​សូរ ជា​ស្ដេច​មាន​មហិទ្ធិឫទ្ធិ​មានបុណ្យ​ច្រើន ទ្រង់​បាន​សាង​ប្រាសាទ ៥ និង​ទ្រង់​ឲ្យ​ជីក​ស្រះ ៤ នៅលើ​ភ្នំ​នោះ គ្រប់​ជ្រុង​ប្រាសាទ ទ្រង់​មាន​ព្រះរាជ​បុត្រី ១ ព្រះអង្គ​ព្រះនាម នាង​ខ្មៅ ។​ ​
​ភ្នំ​ជី​សូរ​អំពី​កំពូល​ចុះ​មក​ដល់​ដី​ជម្រាល​ជើងភ្នំ​ខាងក្រោម ប្រហែល ៧០០ ម៉ែត្រ មាន​ទន្លេ ៤ គឺ​ទន្លេ​អុំ ១ ទន្លេ​ស្លួត ១ ទន្លេ​ស្តុក ១ ទន្លេប្រ​ទ្រុន ១ ។ ទន្លេ​ទាំង ៤ នោះ​ជា​កន្លែង​សម្រាប់​ក្រសាល​របស់​ស្ដេច​អង្គ​នោះ ។ លុះ​ព្រះ​រាជបុត្រី​មាន​វ័យ​វឌ្ឍនាការ​ចម្រើន​ឡើង​បាន​ព្រះជន្ម ១៦ ឆ្នាំ ព្រះ​នាង​មាន​រូបឆោម​លោម​ពណ៌​ល្អ​ដាច់​ស្រី​ក្នុង​ព្រះ​នគរ ។ ថ្ងៃមួយ ព្រះ​នាង​នឹកភ្នក​ចង់ទៅ​លេង​ទន្លេប្រ​ទ្រុន បាន​ចូល​ទៅ​ថ្វាយបង្គំ​លា​ព្រះវរបិតា សុំ​ទៅ​លេង​ទន្លេ​នោះ ។ ព្រះរាជា​ក៏​ទ្រង់​ព្រះ​រាជានុញ្ញាត ហើយ​ទ្រង់​ចាត់​មនុស្ស​បម្រើ​ឲ្យ​រៀបចំ​ហែហម​ព្រះ​ដំណើរ​ព្រះ​នាង ទៅ​ក្រសាល​ក្នុង​វេលា​ថ្ងៃ​រសៀល ។​ ​
​គ្រា​នោះ មាន​បុរស​ម្នាក់​ឈ្មោះ បណ្ឌិត​ស្រី ទើប​នឹង​សឹក​ពី​សាមណេរ មាន​រូបឆោម​ល្អល្អះ​ស្អាតបាត​ជាង​ប្រុស​ឯទៀត ចេះ​មន្តអាគម​វិជ្ជាការ ។ បណ្ឌិត​នោះ ទីលំនៅៗ ភូមិ​មួយ​ខាងលិច​ភ្នំ​ជី​សូរ​ជិត​ផ្លូវ​ដែល​ចុះ​ទៅ​ទន្លេប្រ​ទ្រុន ។ ថ្ងៃនេះ បណ្ឌិត ស្រី មាន​សេចក្ដី​អផ្សុក​ចេញ​ទៅ​លេង​ជិត​ផ្លូវ​នោះ បានឃើញ​ព្រះ​នាង​ខ្មៅ ចុះ​ពីលើ​ភ្នំ ជាមួយ​នឹង​ស្រី​បរិ​វារ ក៏​មាន​សេចក្ដី​ប្រតិព័ទ្ធ​ជាប់​ចិត្តនឹង​ព្រះ​នាង​ក្រៃ​ពេក ។ បណ្ឌិត​នោះ​ពិចារណា​ថា "​ថ្ងៃនេះ​ជា​ថ្ងៃ​មាន​លាភ​ធំ​ណាស់​ដោយ​បាន​ជួបប្រទះ​នឹង​ស្រី​គ្រប់​លក្ខណ៍ តែ​អាត្មាអញ​ជា​កូន​រាស្ត្រ​អ្នក​កម្សត់ ធ្វើ​ម្ដេចនឹងបាន​នាង​នោះ​ហ្ន​! នាង​នេះ​មិនមែន​ជា​ស្រី​សាមញ្ញ​ទេ គឺជា​ព្រះ​រាជបុត្រី​របស់​ស្ដេច អាត្មាអញ​នឹង​នាង​នេះ​ពុំ​សមស័ក្ដិ​គ្នា​សោះ បើ​ដូច្នេះ​អញ​ត្រូវធ្វើ​យ៉ាងណា​ទៅ​អែះ​?" ។ បណ្ឌិត​ចេះតែ​ស្រឡាញ់​ខ្លាំង​ឡើងៗ គិតថា "​នឹង​ចូល​ទៅ​ដណ្ដឹង​តាមច្បាប់​ក៏​ពុំ​សម នឹង​ប្រព្រឹត្ត​ខុស​ក៏​មុខ​ជា​ស្ដេច​យក​ទោស​ដល់​ស្លាប់​" ។ លុះ​សេចក្ដីស្រឡាញ់​កាន់តែ​ទ្វេ​ឡើងៗ ក៏​ស៊ូ​ប្ដូរ​ស្លាប់​ថា "​ទុក​ជា​ស្ដេច​យកទោស​យ៉ាងណា ក៏​សុខចិត្ត​តែ​ស្លាប់​" ទើប​បាន​នឹក​ដល់​មន្ត​វិជ្ជាការ ដែល​ចេះ​ទាំង​ប៉ុន្មាន ក៏​បេះ​ស្លឹកឈើ​យកមក​សូត្រ​ផ្លុំ​មន្ត​វិជ្ជាការ​នោះ ហើយ​ឡើងដើមឈើ​ផ្លុំស្លឹក​បន្លឺឡើង ។ ឯ​សូរសម្លេង​ស្លឹក​ដែល​បណ្ឌិត​ផ្លុំ​នោះ​ទៅ​ចុច​ចំ​បេះ​ដូងព្រះ​នាង​នោះ ព្រះ​នាង​ក៏​ភ័ន្ត​ភាំង​ស្មារតី​, លុះ​ផ្ងារ​ឡើង​គិតថា "​អាត្មាអញ​ជា​កូន​ស្ដេច ធ្លាប់​ស្ដាប់ភ្លេង​ដូរ្យតន្ត្រី​សព្វថ្ងៃ​តែ​ពុំ​មាន​ភ្លេង​អ្វី​ធ្វើ​ចិត្ត​ឲ្យ​អញ​ស្លុត ដូច​សំឡេង​ស្លឹក​នេះ​សោះ​"​ព្រះ​នាង​សម្លឹង​គិត​យូរៗ​ទៅ សំឡេង​រឹតតែ​ពីរោះ​ឡើងៗ ព្រះ​នាង​អត់​ទ្រាំ​ពុំ​បាន ក៏​លាន់​ព្រះ​ឱស្ឋ​ថា "​យីអើ​ហ្ន​! សំឡេង​នេះ​ជា​សំឡេង​ប្លែក​ណាស់ គួរតែ​អញ​ទៅតាម​ស្ដាប់​មើល​ឲ្យឃើញ​ច្បាស់ តើ​អ្នក​នោះ​ដូច​ម្ដេច​បាន​ជា​ចេះ​ផ្លុំ​ពីរោះ​ដល់​ម្ល៉ឹង​? " ។ ព្រះ​នាង​ក៏​ទៅ​រក​មើល​ឲ្យឃើញ​ដោយ​ព្រះអង្គឯង ។ លុះ​ព្រះ​នាង​ទៅ​ជួប​ឃើញ​រូបឆោម​បណ្ឌិត​នោះៗ ក៏​រឹតតែ​មាន​សេចក្ដី​ប្រតិព័ទ្ធ​ខ្លាំង​ឡើង បាន​សាកសួរ​សន្ទនា​គ្នា​ទៅវិញទៅមក តាម​ប្រពៃណី​របស់​ប្រុស​និង​ស្រី​ដែល​ស្រឡាញ់គ្នា ។ អ្នក​ទាំង​ពីរ​រូប​បាន​និយាយ​មត់គ្នា​ថា "​ថ្ងៃក្រោយ យើង​នឹង​មក​ជួប​គ្នា​ទៀត​" ហើយ​លា​បែក​គ្នា​រៀងខ្លួន ។ ចំណែក​ព្រះ​នាង ចាប់តាំងពី​បែក​បណ្ឌិត​នោះ​ទៅ មានទឹក​ព្រះ​ភក្ត្រ​ប្លែក​ពី​ប្រក្រតី ចេះ​តែ​ក្រៀមក្រំ​លែង​រួសរាយ​រក​ពួក​បរិវារ ពួក​បរិវារ​ក៏​មាន​សន្ទិះ​សង្ស័យ ។ ថ្ងៃ​ក្រោយមក ព្រះ​នាង​ចូល​លា​ព្រះរាជា​ម្ដងទៀត ។ ព្រះរាជា​ក៏​ទ្រង់​អនុញ្ញាត​ឲ្យ​ព្រះ​នាងទៅ ទ្រង់​ចាត់​មនុស្ស​ឲ្យ​ហែ​ហមជូន​ព្រះ​ដំណើរ​ព្រះ​នាង​ដូច​ថ្ងៃមុន លុះ​ទៅដល់​កន្លែង​នោះ ព្រះ​នាង​និយាយប្រាប់​បរិវា​រថា " អ្នក​រាល់គ្នា​ត្រូវ​ឈប់​ចាំ​ខ្ញុំ ខ្ញុំ​មាន​កិច្ច​ឯនោះ​បន្តិច " ។ និយាយ​ប្រាប់​ហើយ ព្រះ​នាង​ដើរ​សំដៅ​ទៅ​កន្លែង​ដែល​បណ្ឌិត​ស្រី​មក​ជួប លុះ​បាន​ជួប​គ្នា​ហើយ ទាំង​ពីរ​រូប​ក៏​សម្រេច​សេចក្ដីប្រាថ្នា​របស់​ខ្លួន ។ ពួក​បរិវារ​សង្ស័យ​ទៅ​លបមើល​ឃើញ​កិរិយា​មិនល្អ មាន​សេចក្ដី​ភិតភ័យ ខ្លាចក្រែង​ស្ដេច​យក​ទោស​ដល់​ជីវិត ក៏​ជំនុំ​ពិគ្រោះគ្នា​ថា "​យើង​គួរតែ​ក្រាបទូល​ស្ដេច​កុំ​ខាន​" ។ លុះ​ត្រឡប់​ទៅវិញ ពួក​បរិវារ​ក៏​ចូល​ទៅ​គាល់​សព្វគ្រប់​តាម​ដំណើរ ។ ស្ដេច​ទ្រង់​ខ្ញាល់​ជា​ខ្លាំង​ក៏​ទ្រង់​ហៅ​ពួក​ពេជ្ឈឃាដ​មក​ប្រាប់ថា "​ត្រូវ​យក​កូន​អញ​ទៅ​សម្លាប់​ឲ្យ​ឆាប់ " ។​ ​
ប្រាសាទនាងខ្មៅ
​ព្រះ​មហេសី​ជា​ព្រះ​មាតា ក្រាបទូល​សុំទោស​ព្រះ​ស្វាមី​ថា "​សូម​ព្រះករុណា​ទ្រង់​ព្រះមេត្តាប្រោស ព្រះរាជទាន​ទោស​ដល់​កូន​របស់​យើង​តែមួយ បើទុកជា​មានទោស​ខុស​យ៉ាងណាៗ សូម​ព្រះអង្គ​កុំ​សម្លាប់ គ្រាន់តែ​បំបរបង់​ចេញ​អំពី​ទី​នេះ​ចុះ សូម​ទ្រង់​អនុញ្ញាត​ឲ្យទាន​" ។ ស្ដេច​ក៏​ទ្រង់​អនុញ្ញាត​តាម​សេចក្ដី​សុំ​របស់​ព្រះ​នាង​ជា​ព្រះ​មាតា ទើប​ទ្រង់​បង្គាប់​ទៅ​សេនាបតី​ឲ្យធ្វើ​ប្រាសាទ ២ ចម្ងាយ​អំពី​ព្រះ​ដំណាក់​ទៅ ៣ យោ​ជន៍ ។ ពួក​សេនាបតី​ក៏​ទទួល​ធ្វើ​តាម​ព្រះ​រាជបញ្ជា រួច​ហើយ​ស្ដេច​ទ្រង់​បង្គាប់​ឲ្យ​នាំ​ព្រះ​នាង​ខ្មៅ ទៅ​នៅ​ទីនោះ ប្រាសាទ​នោះ​នៅ​ខាងលិច​ភ្នំ​ជី​សូរ ។ តាំងពី​ថ្ងៃ​នោះ​ទៅ ព្រះ​នាង​កើតទុក្ខ​ជា​ទម្ងន់ ណាមួយ​ព្រះបិតា​បំបរបង់​ចោល​ឲ្យនៅ​តែម្នាក់ឯង ណា​មួយ​បែក​ពីរ​សង្សារ លែង​បាន​មកជួប​សោះ ដោយ​មិន​ជ្រាប​ជា​នៅទីណា ។​ ​
​គ្រា​នោះ មាន​ភិក្ខុ ១ រូប​ឈ្មោះ កែវ លោក​និមន្ត​ចេញពី​ស្រុក​លោក ទៅ​រៀន​មន្ត​វិជ្ជាការ​ឯ​ស្រុក​ក្រៅ លោក​រៀន​បាន​ចេះ​ពូកែ​ណាស់ លោក​ត្រឡប់​មក​ស្រុក​វិញ​គង់នៅ​ទីមួយ (​ក្នុង​ខេត្ត​តាកែវ​) ទីនោះ​អត់​ទឹក អ្នកស្រុក​នាំគ្នា​ជីក​ស្រះ​មួយ​ប្រគេន​លោក ។ ដោយ​ស្រះ​នោះ​ជា​របស់​លោកគ្រូ​កែវ ទើប​មាន​ឈ្មោះ​ថា ស្រះ កែវ ៗ រហូត​ដល់​សព្វថ្ងៃ ។​ ​
​លោកគ្រូ​អង្គ​នេះ គង់​នៅ​យូរ​បន្តិច​ទៅ មាន​កិត្តិសព្ទ​ទួទៅ​គ្រប់​ស្រុក​ភូមិ ។ ព្រះ​នាង​បាន​ឮ​ដំណឹង​ថា លោកគ្រូ​នោះ​ទើបតែ​និមន្ត​មកពី​ស្រុក​ក្រៅ ចេះ​មន្ត​វិជ្ជាការ​ល្បីល្បាញ​ដូច្នោះ មាន​ព្រះ​បំណង​ចង់​ជួប​នឹង​លោក ដើម្បី​ចង់​ដឹង​អំពី​សេចក្ដី​ទុក្ខ​របស់​ព្រះ​នាង​ថា "​តើ​ថ្ងៃ​ណា​នឹង​ស្រាកស្រាន្ត​ស្បើយ​ល្ហើយ " ព្រះ​នាង​ក៏​ប្រាប់​ពួក​អ្នក​បម្រើ​ឲ្យ​រៀប​ព្រះទីន័ង​ដំរី ដើម្បី​ទៅ​ថ្វាយបង្គំ​លោកគ្រូ កែវ ។ លុះ​ធ្វើ​ព្រះ​ដំណើរ​ទៅដល់​ទី​កន្លែង​លោកគ្រូ​នោះ​ហើយ ព្រះ​នាង​ចូល​ទៅ​ថ្វាយបង្គំ​លោក​តាម​ទំនៀម ទ្រង់​បាន​ឃើញ​លក្ខណៈ​លោកគ្រូ​អង្គ​នោះ​សព្វគ្រប់ ក៏​បែកចិត្ត​ចេញពី​សង្សារ​ចាស់ មក​ជាប់​នឹង​លោកគ្រូ​កែវ​នោះ​វិញ ពីព្រោះ​លោក​អង្គ​នោះ មាន​រូប​ស្អាត​ជាង​បណ្ឌិត​ស្រី ពេញ​លក្ខណៈ​ជា​ប្រុស​គួរ​ឲ្យ​ស្រឡាញ់ ព្រះ​នាង​ដំណាល​ពី​សេចក្ដី​ទុក្ខ​របស់​ព្រះ​នាង​ទូល​លោកគ្រូ​សព្វគ្រប់​ហើយ ក៏​សំដែង​អា​ការស្និទ្ធស្នាល​ហាក់ដូចជា​ទុក​ចិត្ត​គ្នា​យូរ​មក​ហើយ ។ អាការ​ដែល​ព្រះ​នាង​ពណ៌នា​រឿងរ៉ាវ​របស់​ព្រះ​នាង​នោះ​នាំ​ឲ្យ​លោកគ្រូ​កែវ ស្គាល់​បាន​ថា ព្រះ​នាង​ជាប់ជំពាក់​នឹង​លោក ។ លោកគ្រូ កែវ អត់​ទ្រាំ​ពុំ​បាន​ក៏​មាន​ចិត្ត​ទោរទន់​ទៅរក​ព្រះ​នាង ហើយ​មាន​ពុទ្ធដីកា​ទន់ភ្លន់​ទៅរក ។ កាល​បើ​ព្រះ​នាង​បាន​ឮ​ពុទ្ធដីកា​លោក​ផ្អែមល្ហែម​ទន់ភ្លន់​មករក​ដូច្នេះ ក៏​សង្ឃឹម​ថា "​ត​ទៅ​មុខ​អញ​នឹង​មាន​អាង លែង​កើត​ទុក​តាំង​ពី​ថ្ងៃនេះ​តទៅ​ហើយ​... ។ ចាប់តាំងពី​ថ្ងៃ​នោះ​មក ព្រះ​នាង​មាន​ពណ៌​សម្បុរ​ស្រស់បំព្រង​ដូច​ស្រី​ទេពអប្សរ ។ ចំណែកឯ​លោក​គ្រូ​កែវ​វិញ លោក​ខំប្រឹង​ពិចារណា​ធម៌​ដើម្បី​ដក​ចិត្ត​ពី​ព្រះ​នាង​នោះ​ខ្លាំង​ណាស់​ដែរ តែ​លោក​ដក​ពុំរួច​សោះ ។ ពេល​ក្រោយមក ព្រះ​នាង​ត្រឡប់​ទៅ​ថ្វាយបង្គំ​សុំឲ្យ​លោក​គ្រូ​ស្រោចទឹក ដើម្បី​ឲ្យមាន​សិរី​សួស្ដី ។ ពេល​ទៅ​ស្រោច​ទឹក​នោះ ព្រះ​នាង​ក៏​រឹតតែ​សំដែង​អាការ​រាក់ទាក់​ទៅរក​លោកគ្រូ កែវ ខ្លាំង​ឡើង​ថែម​ទៀត ហើយ​ព្រះ​នាង​ទូល​ថា "​សូមឲ្យ​លោក​ម្ចាស់​គង់​នៅ​សប្បាយ​ចុះ​" ។ កាលបើ​ឮ​ពាក្យ​នោះ លោកគ្រូ​កែវ ក៏​ក្រៀមក្រំ​ស្រពោន​មុខ​កើតទុក្ខ​ដោយ​សំដី​ព្រះ​នាង ។ អាការ​របស់​លោក ជា​អាការ​ប្រាប់​ព្រះ​នាង​ឲ្យ​ជ្រាប​ច្បាស់​ថា "​លោក​កើតទុក្ខ​ពីព្រោះ​ព្រះ​នាង​" ។ ព្រះ​នាង​ក៏​រឹតតែ​មាន​សេចក្ដីស្រឡាញ់​ខ្លាំង​ឡើង​ទៀត ដល់​ព្រះ​នាង​ត្រឡប់​ទៅ​ព្រះ​ដំណាក់​វិញ កើតទុក្ខ​ផ្ទំ​ពុំ​លក់ សោយ​ក្រយាស្ងោយ​ពុំបាន អត់​ទ្រាំ​ពុំ​បាន ក៏​បម្រើ​ឲ្យ​រៀបចំ​ព្រះទីន័ង​ដំរី ទៅ​និមន្ត​លោក​មក​ឯ​ព្រះ​ដំណាក់​ព្រះ​នាង ។ ឯ​លោកគ្រូ កែវ កាល​បើ​បានឃើញ​អ្នក​បម្រើ​ទៅ​និមន្ត ក៏​សប្បាយ​ព្រះទ័យ​ណាស់ បាន​រៀបចំ​ដំណើរ​និមន្ត​មក​ជា​ប្រញាប់ ។ ព្រះ​នាង​ក៏​ទំនុកបម្រុង​បណីត​ភោជន សុទ្ធតែ​របស់​ប្លែកៗ ។ លុះ​លោក​និមន្ត​ទៅ​ដល់ ព្រះ​នាង​លើក​មក​ប្រគេន​លោក​ផ្ទាល់​ព្រះអង្គ ។ លោកគ្រូ កែវ ឆាន់​ពុំបាន ។ អា​ការដែល​លោក​ឆាន់​មិនបាន​នោះ ជា​អាការ​ប្រាប់​ព្រះ​នាង​ឲ្យ​ជ្រាប​រឹតតែ​ច្បាស់ ព្រះ​នាង​ក៏​កើតទុក្ខ​ខ្លាំង​ឡើងៗ អត់ទ្រាំ​កេរ្តិ៍ខ្មាស​ពុំ​បាន​ក៏​ចូល​ទៅ​ទូល​លោក​ថា " សូម​លោក​ម្ចាស់​សឹក​ចាក​សិក្ខាបទ​មក​ចុះ " ហើយ​ព្រះ​នាង​ប្រគេន​សំពត់​ស្លៀកពាក់​ព្រមទាំង​ប្រដាប់ប្រដា​សព្វគ្រប់ ។​ ​
​លោក​ទទួលព្រម​តាម​សំដី​ព្រះ​នាង​និមន្ត ហើយ​ក៏​សឹក​ចាក​សិក្ខាបទ​ជា​ឃរាវាស​នៅ​រួមសុខ​ជាមួយ​ព្រះ​នាង​ខ្មៅ នៅក្នុង​ប្រាសាទ​នោះ ។​ ​
​ដោយ​មាន​រឿងដំណាល​ដូច្នេះ បាន​ជា​ប្រាសាទ​នោះ គេ​ហៅថា " ប្រាសាទនាងខ្មៅ " តាំងពី​នោះ​រហូតមក ។​ ​
​ចំណេរ​កាល​មក​ខាងក្រោយ មាន​ពុទ្ធបរិស័ទ​ជ្រះថ្លា ស្ថាបនា​វត្ត​នៅ​ទី​នោះ​ឡើង វត្ត​ក៏​មានឈ្មោះ​ថា " វត្ត​ប្រាសាទនាងខ្មៅ " រហូតមកដល់​សព្វថ្ងៃ ។​ ​

COMMENTS

BLOGGER
Name

Khmer comic,10,កំណាព្យ,3,កំនត់ហេតុ ជីវ តាក្វាន់,2,គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ១,7,គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ២,6,ចំរៀងខ្មែរ,2,ច្បាប់ទូន្មាន,32,ជីវៈប្រវត្តិជនសំខាន់ៗ,21,តារាសម្តែង,9,តែមប្រៃសណីយ៍,9,ទំនាយមហាសង្ក្រាន្ដ,1,ប្រលោមលោក,26,ប្រវត្ដិសាស្ដ្រខ្មែរ ភាគរឿងព្រេងនិទាន,13,ប្រវត្ដិសាស្ត្រខ្មែរតាមសិលាចារឹក,29,ប្រាសាទបុរាណ,9,ផ្សេងៗ,56,ពាក្យបណ្តៅ,2,ភាសាខ្មែរ,2,ភ្លេង​ខ្មែរ,12,មហាក្សត្រខ្មែរ,5,របាំ,1,រឿងបកប្រែពីភាសាបរទេស,1,រឿងព្រេងខ្មែរ,145,រឿងព្រេងខ្មែរភាគ១,34,រឿងព្រេងខ្មែរភាគ២,22,រឿងព្រេងខ្មែរភាគ៣,52,រឿងព្រេងខ្មែរភាគ៤,12,រឿងព្រេងខ្មែរភាគ៥,11,ល្បែងប្រជាប្រិយ,2,វចនានុក្រម,3,វប្បធម៏ និងប្រពៃណី,13,សិល្បៈ​​,9,សុភាសិតខ្មែរ​អធិប្បាយ ភាគ១,5,ស្ថាបត្យកម្ម,4,ឯកសារប្រវត្តិសាស្ត្រ,19,
ltr
item
Khmer Legend (រឿងព្រេងខ្មែរ): ភាគ៥-៧-រឿង​ ប្រាសាទនាងខ្មៅ
ភាគ៥-៧-រឿង​ ប្រាសាទនាងខ្មៅ
ប្រាសាទនាងខ្មៅ
https://2.bp.blogspot.com/-ot0Oyu0mWFE/VvVa8-p1rOI/AAAAAAAAEeQ/MsVs_cyOKGkjSSndipOxrFvjfJGV4PPDA/s1600/ph-tempn-t-prasneangkmau.jpg
https://2.bp.blogspot.com/-ot0Oyu0mWFE/VvVa8-p1rOI/AAAAAAAAEeQ/MsVs_cyOKGkjSSndipOxrFvjfJGV4PPDA/s72-c/ph-tempn-t-prasneangkmau.jpg
Khmer Legend (រឿងព្រេងខ្មែរ)
http://www.khmerlegend.com/2016/03/neang-khmoa-temple.html
http://www.khmerlegend.com/
http://www.khmerlegend.com/
http://www.khmerlegend.com/2016/03/neang-khmoa-temple.html
true
1426906373484597258
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy