ឧបករណ៍ភ្លេង រនាដឯក

ឧបករណ៍ភ្លេង រនាដឯក

ឧបករណ៍​នេះ មាន​មុខ​ងារ​សំខាន់​ក្នុង​វង់​ភ្លេង​ពិណ​ពាទ្យ​ផង ក្នុង​វង់​ភ្លេង​មហោ​រី​ផង ។​ តាម​ទម្លាប់​ពី​បរម​បុរាណ​មក​បាន​កំណត់​រនាត​ឯក​​ទៅ​តាម​វង់​ភ្លេង​ គឺ​រនាត​ឯក​ណា​ដែល​ប្រើ​ប្រាស់​​ក្នុង​វង់​ភ្លេង​ពិណ​ពាទ្យ​រនាត​ឯក​នោះ ត្រូវ​​មាន​សំនៀង​ទាប​ជាង​រនាត​ឯក ដែល​ប្រើ​ប្រាស់​ក្នុង​វង់​ភ្លេង​មហោ​រី១ សំនៀង ដោយ​យក​សំនៀង​ត្រង់​ផ្លែ​ទី១ ជា​ចំណុច​សំគាល់​ទាប​ខ្ពស់។
raghun

អ្នក​ស្រាវ​ជ្រាវ​ពិន្ធុ​តន្ត្រី​វិទ្យា​ខ្លះ​យល់​ថា ពាក្យ​ថា​រនាត​នេះ​ក្លាយ​មក​ពី​ពាក្យ​សំស្ក្រឹត raghunâ tha-vinâ ដែល​មាន​តាំង​ពី​ដំណាក់​កាល​ដំបូង​នៃ​ប្រវត្តិ​សាស្ត្រ​កម្ពុជា ។
តាម​ប្រសាសន៍​របស់​ឃុន​អក្ខ​រា​ពិណ​ពាទ្យ​ស៊ូ​ អិន ក្រុម​ភ្លេង​ព្រះ​រាជ​ទ្រព្យ​ជំនាន់​មុន​បាន​ប្រាប់​ត​មក​​លោក​ឧកញ៉ា​មហា​ធិប​តី​មាស ឌី​ ប្រធាន​ក្រុម​ភ្លេង​ព្រះ​រាជ​ទ្រព្យ​ ហើយ​ឃុន មាស​ឌី បាន​មាន​ប្រសាសន៍​ក្នុង​ឆ្នាំ​១៩៦៥​ថា “ដូន​តា​យើង​ឱ្យ​ឈ្មោះ​ឧបករណ៍​នេះ​ថា រនាត​ឯក មក​ពី​រនាត​នេះ​មាន​ទំហំ​តូច មាន​សំនៀង​ខ្ពស់​ជាង​រនាត​មួយ​ទៀត (រនាត​ធុង​) ពាក្យ​រនាត​នេះ​យារ​មក​ពី​ពាក្យ​រកនាថ (នាត) ជា​ពាក្យ​សំស្ក្រឹត​ និង​​បា​លី​មាន​ន័យ​ថា រក​អធិប​តី រក​ម្ចាស់​ រក​ចៅ​ហ្វាយ​នាយ គេ​នាំ​គ្នា​ហៅ​រក​នាថ គឺ​សំដៅ​ទៅ​លើ​ឧបករណ៍​រនាត​នេះ​ឯង​ដែល​ជា​ឧបករណ៍​អធិប​តី​លើ​គេ ជា​ម្ចាស់ ជា​ចៅ​ហ្វាយ​លើ​ឧបករណ៍​ដទៃ ពីព្រោះ​តាម​តួ​នាទី​របស់​រនាត​ឯក គឺ​នៅ​ពេល​ប្រគំ​ម្តងៗ ឧបករណ៍​ដទៃត្រូវ​តែ​រឹត​សំនៀង​តាម​រនាត​ឯក​ទាំង​អស់ យក​សំនៀង​ផ្លែ​រនាត​ជា​ធំ ជា​គោល ម៉្យាង​ទៀត​ បើ​រនាត​ឯក​មិន​ចាប់​ផ្តើម​ចេញ​បទ​មុន​ទេ ឧបករណ៍​ដទៃ​មិន​ហ៊ាន​ផ្តើម​បទ​ឡើយ បើ​រនាត​ឯក​មិន​ឱ្យ​សញ្ញា​ឈប់​ទេ ឧបករណ៍​ដទៃ​ក៏​មិន​ហ៊ាន​ឈប់​តាម​ចិត្ត​ដែរ, ឧបករណ៍​ទាំង​អស់​ត្រូវ​តែ​គោ​រព​ស្តាប់​បញ្ជា​រនាត​ឯក​ដាច់​ខាត ។ ការ​លើក​តម្កើង​​រនាត​ឯក​ជា​អធិប​តី​ក្នុង​វង់​ភ្លេង​នីមួយៗ​មាន​តាំង​ពី​បរម​បុរាណ​មក សូម្បី​តែ​អ្នក​ដែល​ត្រូវ​លេង​រនាត​ ក៏​ជា​អ្នក​ដែល​ត្រូវ​ចេះ​​ច្រើន​ជាង​គេ ជា​មេ​វង់​ភ្លង​ជា​អ្នក​សំរេច​កិច្ច​ការ​ធំៗ​ក្នុង​វង់ ជា​អ្នក​ដែល​ត្រូវ​គេ​គោ​រព​ធ្វើ​តាម”។

តាម​អ្នក​ស្រាវ​ជ្រាវ​ខ្លះ​យល់​ថា រនាត​ឯក​ធ្វើ​ត្រាប់​តាម​ទូក​ដែល​ប្រើ​ប្រាស់​ក្នុង​ទន្លេ​ដោយ​គេ​​សំអាង​ថា ស្នូក​រនាត​ដូច​ទូក​ក្នុង​ទន្លេ​សុទ្ធ​សាធ ។ អ្នក​ខ្លះ​ទៀត​យល់​ថា ធ្វើត្រាប់​តាម​សត្វ​ក្ងោក​ដោយ​សំ​អាង​ថា ខោល​រនាត​សង​ខាង​មាន​រាង​ដូច​កន្ទុយ​ក្ងោក​ពង់ ។ ប៉ុន្តែ​តាម​ទស្សនៈ​របស់​តន្ត្រី​បុរាណ​ខ្មែរ​យល់​ថា រនាត​ឯក​របស់​ខ្មែរ​មាន​រូប​រាង​ត្រាប់​តាម​សត្វ​នាគ គឺ​ត្រង់​ជើង​ពាន​ទ្រ​ស្នូក គឺ​ជាកន្ទុយ​នាគ​ពីរ​ដែល​រុំ​ព័ទ្ធ​គ្នា ត្រង់​ស្នូក​គឺ​ជា​តួ​នាគ​ពីរ​ដែល​ងាក​ចេញ​ពី​គ្នា​ត្រង់​ខោល​សង​ខាង​ គឺ​ជា​ក្បាល​នាគ​ពីរ​ដែល​កំពុង​តែ​បើក​ពពា រី​ឯ​ផ្លែ​រនាត​ គឺជា​ស្រកា​នាគ​ ។
តាម​ប្រសា​សន៍​របស់​លោក​ឧកញ៉ា​មហា​ធិប​តី​មាស ឌី​ ថា “ជី​តា​របស់​គាត់​និយាយ​ថា ពួក​រនាត​នេះ​យើង​មិន​ធ្វើ​ត្រាប់​តាម​គេ​ទេ គឺ​យើង​បង្កើត​ដោ​យ​ខ្លួន​ឯង​តាំង​ពី​បរម​បុរាណ​មក ជា​ដំបូង​ខ្មែរ​​យើង​យក​បន្ទះ​រនាប​ឫស្សី​សំរាប់​ធ្វើ​ផ្ទះ​មក​កាត់​ខ្លីៗ​ដាក់​លើ​ភ្លៅ​ទាំង​២ ហើយ​គោះ​លេង​ជា​ធម្ម​តា ក្រោយ​មក​ទើប​យកខ្សែ​ចង​រនាប​​បន្ត​គ្នា​លាត​សន្ធឹង​ពី​បង្គោល​​មួយ​ទៅ​បង្គោល​មួយ​ទៀត ។ អស់​កាល​ដ៏​យូរ​លង់​មក ទើប​គេ​យក​កម្រង​រនាប​​នោះ​ទៅ​ចង​លើ​ខ្នង​រូូប​នាគ ដែល​ឆ្លាក់​អំ​ពី​ឈើ​ លុះ​ក្រោយ​មក​ទៀត​ទើប​ខ្មែរ​យើង​ធ្វើ​ដូច​ស្នូក​សព្វ​ថ្ងៃ​នេះ គឺ​នៅ​តែ​​ជា​រូប​នាគ​ដែល។ ខ្មែរ​ចូល​ចិត្ត​និយម​និមិត្ត​រូប​សត្វ​នាគ ពី​ព្រោះ​សត្វ​នាគ​ជា​សត្វ​ប្រកាន់​សច្ចៈ​ធម៌ ជា​សត្វ​ស្មោះ​ត្រង់ ខ្មែរ​ចង់​បញ្ជាក់​ថា ក្នុង​សង្គម​ខ្មែរ​ជា​សង្គម​មនុស្ស​ប្រកាន់​សច្ចៈ​ធម៌ ជា​សង្គម​មនុស្ស​ស្មោះ​ត្រង់​ជា​និច្ច​ ។ ឧបករណ៍​រនាត​ឯក​នេះ​ បាន​ចូល​លេង​ជា​មួយ​ឧបករណ៍​ពិណ តាំង​ពី​ជំនាន់​មាន​ពិណ​ចូល​មក​ស្រុក​ខ្មែរ”។

ឧបករណ៍​រនាត​ឯក​មាន​ស្នូក​ធ្វើ​អំ​ពី​ឈើ​ខ្នុរ ឈើ​បេង ឈើ​នាង​នួន ឬ​ឈើ​ធ្នង់​ឈាម​មាន់​។ល។​ ​មាន​ប្រ​​វែង​ប្រហែល​១,១០​ម៉ែត្រ មាន​ផ្លែ​សំនៀង​ចំនួន​២១ ធ្វើ​​អំ​ពី​ឫ​ស​្សី​ ឬ​ឈើ ប៉ុន្តែ​ឫស្សី​ឱ្យ​សំនៀង​ល្អ​ជាង ។ គេ​យក​ឫស្សី​ដែល​មាន​សាច់​វែងៗ ហើយ​ក្រាស់ៗ​អាច​ធ្វើ​ផ្លែ​រនាត​បាន​ទៅ​ត្រាំ​ទឹក​រយៈ​ពេល​ពី​១ឆ្នាំ​ឡើង​ទៅ។ គេស្រង់​ឫស្សី​ទាំង​នោះ​ទៅ​ហាល​ក្នុង​ម្លប់​រយៈ​ពេល​រាប់​ឆ្នាំ​ដែរ ទើប​យក​មក​សំរិត​សំរាំង​ធ្វើ​ជា​​ផ្លែ​រនាត ។ ក្នុង​ពេល​ធ្វើ​បើ​ចង់​ឱ្យ​ផ្លែ​សំនៀង​ធូរ គេ​ត្រូវ​ចិត​យក​សាច់​ចំ​កណ្តាល​ចេញ ប៉ុន្តែ​បើ​ចង់​ឱ្យ​ផ្លែ​សំនៀង​តឹង​វិញ គេ​ត្រូវ​ចិត​យក​សាច់​ចុង​​សង​ខាង​ចេញ ។ នៅ​លើ​ផ្លែ​នីមួយៗ មាន​ចោះ​រន្ធ​ផ្នែក​ខាង​ចុង​សង​ខាង​សំរាប់​ដោត​ខ្សែ​ចង​ព្យួរ​ទៅ​នឹង​ខោល​សង​ខាង​របស់​រនាត ។ នៅ​ខាង​ក្រោម​ចុង​ផ្លែ​ម្ខាង​ៗ មាន​បិទ​ដុំ​ប្រមរ​សំរាប់​រឹត (ធៀប)​សំនៀង​របស់​ផ្លែ​នីមួយៗនោះ​តាម​កំរិត​សំនៀង​ដែល​គេត្រូវ​ការ ។ ដុំ​ប្រមរ​មាន​ប្រយោជន៍​ពីរ​យ៉ាង​ ម៉្យាង​ធ្វើ​ឱ្យ​សំនៀង​តឹង ឬ​ធូរ​តាម​ការ​បិទ​ប្រមរ​តិច​ឬច្រើន​ ម៉្យាង​ទៀត​ប្រមរ​ជួយ​ឱ្យ​ផ្លែ​សំនៀង​ឮយោល​បាន​ល្អ​ មិន​ខ្ទិស​មិន​ខះ ។ ក្នុង​ចំណោម​ផ្លែ​សំនៀង​២១ ចែក​ចេញ​ជា​បី​ក្រុម ៖
  • ក្រុម​ទី​១ មាន​៥ផ្លែ គឺ​ពីផ្លែ​ទី១ ដល់​ទី៥
  • ក្រុមទី​២ មាន​៧ផ្លែ គឺ​ពីផ្លែ​ទី៦ ដល់​ទី​១២ 
  • ក្រុម​ទី៣ មាន​៩​ផ្លែ គឺ​ពី​ផ្លែ​១៣ ដល់ទី​២១
  • ក្រុម​ទី១ ត្រូវ​មាន​ទទឹង​ផ្លែ​៤៤ ម.ម
  • ក្រុមទី​២ ត្រូវ​មានទទឹង​ផ្លែ​៤៧ ម.ម
  • ក្រុ​មទី​៣ ត្រូវ​មាន​ទទឹង​ផ្លែ​៥០​ ម.ម
កម្រង​ផ្លែ​រនាត​ណា​ដែល​មាន​ផ្លែ​ទី​១​ប្រវែង​៣១០​ម.ម ផ្លែ​ទី​២១ ត្រូវ​មាន​ប្រវែង​៤១០​ម.ម កម្រង​ផ្លែ​រនាត​នេះ​ត្រូវ​មាន​ប្រវែង​សរុប​១.០១ ម៉ែត្រ ។
កម្រង​ផ្លែ​រនាត​ណា​ដែល​មាន​ផ្លែ​ទី​១​ប្រវែង​៣០០​ម.ម ផ្លែ​ទី​២១​ត្រូវ​មាន​ប្រវែង​៤០០ម.ម កម្រង​ផ្លែ​រនាត​នេះ​ត្រូវ​មាន​ប្រវែង​សរុប​១,០០​ម៉ែត្រ ។
កម្រង​ផ្លែ​រនាត​ណា​ដែល​មាន​ផ្លែ​ទី​១ប្រវែង​២៩០​ម.ម ផ្លែ​ទី​២១ ត្រូវ​មាន​ប្រវែង​៣៩០​ម.ម​កម្រង​ផ្លែ​រនាត​នេះ​ត្រូវ​មាន​ប្រវែង​០,៩៩ម៉ែត្រ ។

អន្លូង​សំរាប់​គោះ​ផ្លែ​សំនៀង​មាន​ដង ធ្វើ​អំពី​ឫស្សី​ ឬឈើ​ប៉ុន​ចង្កឹះ មាន​ប្រវែង​ប្រហែល​០,៣៥​ម៉ែត្រ នៅ​ខាង​ចុង​ត្រង់​ត្រមោង​សំរាប់​គោះ​ហៅ​ថា មេលំ ។ មេលំ​រនាត​ឯក​មាន​ពីរ​យ៉ាង​គឺ​មេ​លំ​រឹង និង​មេលំ​ទន់ ។ មេ​លំ​រឹង​ធ្វើ​ដោយ​ការរុំ​សំពត់ និង​ខ្មុក​ម្រ័ក្សណ៍ ឬម៉្យាង​ទៀត​ធ្វើ​ដោយ​ស្បែក​យ៉ាង​ក្រាស់​ហៅ​ថា អន្លូង​រឹង​សំរាប់​ប្រើ​តែ​រនាត​ឯក​ណា​ដែល​ប្រគំ​ក្នុង​វង់​ភ្លេង​ពិណ​ពាទ្យ ពីព្រោះ​វង់​ភ្លេង​នេះ​ត្រូវ​ការ​ប្រើ​សំនៀង​ខ្លាំងៗ ។ រីឯ​មេ​លំ​ទន់​ធ្វើ​អំពី​ការ​រុំ​សំពត់​យ៉ាង​ណែន​ស្រាក់​នឹង​អំបោះ​យ៉ាង​តឹង​ដែល​មាន​សភាព​ទន់​ជាង​ហៅ​ថា អន្លូង​ទន់​ប្រើ​ចំពោះ​តែ រនាត​ណា​ដែល​ប្រគំ​ក្នុង​វង់​ភ្លេង​មហារី​ ពីព្រោះ​វង់​ភ្លេង​នេះ​ត្រូវ​ការ​ប្រើ​សំនៀង​ស្រាល​តិចៗ ឮ​រហឹមៗ ។ រនាត​ឯក ​ជា​ឧបករណ៍​មួយ​ដែល​ប្រើ​សំនៀង​គូៗ ក្នុង​ពេល​ប្រគំ​ម្តងៗ ។ អន្លូង​ទាំង​ពីរ​ត្រូវ​គោះ​ស្មើៗ​គ្នា​ទៅ​លើ​ផ្លែ​សំនៀង​គូៗ​ទាំង​នោះ ។ រនាត​ឯក​មាន​ដំណើ​រ​សាច់​បទ​រាយ​រាប​សា​​ជាង​ឧបករណ៍​ដទៃ ។ ក្នុង​ពេល​ប្រគំ​ម្តងៗ​រនាត​ឯក​ត្រូវ​ផ្តើម​ចេញ​បទមុន​គេ ហើយ​នឹង​ត្រូវ​ឱ្យស​ញ្ញា​ឈប់​ដល់​ឧបករណ៍​ដទៃ​ទៀត ។ ប៉ុន្តែ​ចំពោះ​តែ​បទ​ខ្លីៗ ឬ​បទខ្លះ​ទៀត​ដែលមិន​សំខាន់​ក្នុង​ពិធី​ធំៗ ៕ (ស្រាវជ្រាវចងក្រងដោយលោក ហ៊ុន សារិន សាស្រ្តាចារ្យាសិល្បៈតន្រ្តី)

COMMENTS

BLOGGER
Name

Khmer comic,10,កំណាព្យ,3,កំនត់ហេតុ ជីវ តាក្វាន់,2,គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ១,7,គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ២,6,ចំរៀងខ្មែរ,2,ច្បាប់ទូន្មាន,32,ជីវៈប្រវត្តិជនសំខាន់ៗ,21,តារាសម្តែង,9,តែមប្រៃសណីយ៍,9,ទំនាយមហាសង្ក្រាន្ដ,1,ប្រលោមលោក,26,ប្រវត្ដិសាស្ដ្រខ្មែរ ភាគរឿងព្រេងនិទាន,13,ប្រវត្ដិសាស្ត្រខ្មែរតាមសិលាចារឹក,29,ប្រាសាទបុរាណ,9,ផ្សេងៗ,56,ពាក្យបណ្តៅ,2,ភាសាខ្មែរ,2,ភ្លេង​ខ្មែរ,12,មហាក្សត្រខ្មែរ,5,របាំ,1,រឿងបកប្រែពីភាសាបរទេស,1,រឿងព្រេងខ្មែរ,145,រឿងព្រេងខ្មែរភាគ១,34,រឿងព្រេងខ្មែរភាគ២,22,រឿងព្រេងខ្មែរភាគ៣,52,រឿងព្រេងខ្មែរភាគ៤,12,រឿងព្រេងខ្មែរភាគ៥,11,ល្បែងប្រជាប្រិយ,2,វចនានុក្រម,3,វប្បធម៏ និងប្រពៃណី,13,សិល្បៈ​​,9,សុភាសិតខ្មែរ​អធិប្បាយ ភាគ១,5,ស្ថាបត្យកម្ម,4,ឯកសារប្រវត្តិសាស្ត្រ,19,
ltr
item
Khmer Legend (រឿងព្រេងខ្មែរ): ឧបករណ៍ភ្លេង រនាដឯក
ឧបករណ៍ភ្លេង រនាដឯក
ឧបករណ៍ភ្លេង រនាដឯក
https://3.bp.blogspot.com/-JEUk9v0CskM/WeAoK48MQFI/AAAAAAAAEo4/PXZGNZK7Tg44Kj3pKO_QhsggZgtI6oO-gCLcBGAs/s640/raghuna.jpg
https://3.bp.blogspot.com/-JEUk9v0CskM/WeAoK48MQFI/AAAAAAAAEo4/PXZGNZK7Tg44Kj3pKO_QhsggZgtI6oO-gCLcBGAs/s72-c/raghuna.jpg
Khmer Legend (រឿងព្រេងខ្មែរ)
http://www.khmerlegend.com/2017/10/raghuna.html
http://www.khmerlegend.com/
http://www.khmerlegend.com/
http://www.khmerlegend.com/2017/10/raghuna.html
true
1426906373484597258
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy